ចម្រៀងឤត្ម័នខ្ញុំ ក័ណ្ឌ - ២ ផ្ទះទាំងឡាយនិងបន្ទប់នានាពេញដោយក្លិនទឹកអប់, ខ្ញុំដកដង្ហើមចូលទាំងគន្ធពិដោរខ្លួនខ្ញុំ ហើយដឹងថាក្លិនវា ហើយចូលចិត្ដក្លិនវា, ស្រារែងស្រវឹងតែខ្ញុំមិនបណ្ដោយសោះទេ ។ ឤកាសមិនមែនទឹកអប់ទេ វាគ្មានរសជាតិស្រវឹងឡើយ ហើយវាគ្មានពណ៌ដែរ វាសំរាប់មាត់ខ្ញុំរហូត ខ្ញុំជាប់ស្នេហ៍នឹងវាហើយ, ខ្ញុំនឹងទៅមាត់ច្រាំងប្របព្រៃ ហើយស្រាត ខ្ញុំឆ្កួតនឹងវាហើយ ចង់ប៉ះនឹងវាផ្ទាល់ ។ ផ្សែងចំហាយហុយចេញពីដង្ហើមខ្ញុំ, សម្លេងខ្ទ័របកវិញ រលកទឹករង្វង់កងៗ សម្លេងហ៊ឹមៗឫស្សគល់ស្នេហ៍ បែបសរសៃសូត្រ ប្រគាបឈើ និង វល្ល័ជាតិ, បស្សាស: អស្សាស:ខ្ញុំ ដំណើរបេះដូងខ្ញុំ ចរន្ដឈាមរត់ និង ខ្យល់ចេញចូលកាត់សួត, ស្នូរស្លឹកឈើស្រស់និងស្លឹកឈើស្ងួត និង ស្នូរមាត់សមុទ្រនិងថ្មសមុទ្រពណ៌ក្រម៉ៅ, និងស្នូរស្មៅស្ងួតនៅក្នុងរោង, សម្លេងគ្រ “ល” នៃពាក្យពីមាត់ខ្ញុំរសាត់បាត់ទៅក្នុងរលកធាតុឤកាស, ការថើបស្រាលៗបន្ដិចបន្ដួច, ឱបរឹតបន្ដិចបន្ដួច, លាតរង្វង់ដៃក្រសោប, របាំនៃពន្លឺ និង ស្រមោលលើរុក្ខជាតិដោយលំពង់ខ្ចីៗយោលយោក សប្បាយរីករាយម្នាក់ឯង ឬ តាមវិថីចង្អៀត ឬតាមវាលចំការឬតាមជើងទួល, ឤរម្មណ៍ថាសុខភាពល្អ, សម្លេរលាក់កណ្ដាលថ្ងៃត្រង់ជាក់ ចម្រៀងចេញពីខ្ញុំពីគ្រែ ហើយប៉ះព្រះឤទិត្យ ។ តើអ្នកបានគិតគូរមួយពាន់អេក្កឺរ1 យ៉ាងហោច? តើលោកបានគិតគូរពីភពផែនដីទេ? តើលោកបានហាត់យូរទេដើម្បីរៀនឤន? តើលោកមានឤរម្មណ៍មោទនដោយបានចាប់បានន័យរបស់កំណាព្យទាំងឡាយដែរទេ, ឈប់នៅជាមួយខ្ញុំនៅថ្ងៃនេះនិងយប់នេះទៅ អស់លោកនឹងបានយល់ដើមកំណើត នៃកំណាព្យពិតមិនខាន អស់លោកនឹងបានពីធរណីនិងសូរិយាពុំខាន (នៅមានព្រះឤទិត្យរាប់លានទៀត), អស់លោកនឹងលែងទទួលពីអ្នកទីពីរ ឬ ទីបី, ឬក៏ស្ដាប់តាមពាក្យខ្មោច, ឬក៏ស្ដាប់តាមតួខ្មោចក្នុងសៀវភៅទៀតហើយ, អស់លោកក៏មិនត្រូវឤងចក្ខុខ្ញុំដែរ ឬ ក៏ចម្លងពីខ្ញុំក៏ទេដែរ, អស់លោកត្រូវស្ដាប់ឤេយបានគ្រប់ជ្រុងជ្រោយហើយសំរេចយកដោយចិត្ដអស់លោកចុះ ។